ភ្នំពេញៈ ការវះកាត់កែចង្កាគឺត្រូវបានគេចាត់ទុកថាជាការវះកាត់មួយដែល ពេញនិយមនៃប្រជាជនអាស៊ីយើងនេះបន្ទាប់ពីការវះកាត់ កែច្រមុះ និងវះកាត់ត្របកភ្នែក។ មានភាពខុសគ្នារវាងទម្រង់ផ្ទៃមុខស្ត្រីជនជាតិអាស៊ី និងស្ត្រីអឺរ៉ុប។ ចំពោះទម្រង់ស្ត្រីអាស៊ីគឺមានលក្ខណៈផ្នែកខាងលើនៃថ្ពាល់រីកធំ ច្រមុះរាងទាប និងចង្កាជាទូទៅមានលក្ខណៈទាបតូចថយមកក្រោយ ដែលខុសប្លែកអំពីទម្រង់មុខស្ត្រីអឺរ៉ុបដែលមានលក្ខណៈទ្រវែង។ ជាទូទៅដើម្បីទទួលបាននូវចង្កាវែង ឬខិតមកមុខមានវិធីសាស្ត្រពីរយ៉ាងដែលយើងអាចប្រើប្រាស់ក្នុងការ វះកាត់គឺទីមួយតាមរយៈការវះកាត់បណ្តុះឆ្អឹង និងទីពីរ តាមរយៈការស៊កបញ្ចូលនូវសារធាតុម្យ៉ាងដែលហៅថា អ៊ីមភ្លែន ដែលមានតួនាទីធ្វើឲ្យចង្កាខិតមកមុខ។ ការវះកាត់ទាំងពីរនេះគឺមានផលប្រយោជន៍ គុណសម្បត្តិ និងគុណវិប្បត្តិខុសគ្នា។
ការវះកាត់ចង្កាដោយប្រើអ៊ីមភ្លែន
ជាទូទៅ ការវះកាត់កែសម្ផស្សចង្កាដោយប្រើអ៊ីមភ្លែន គឺជាវិធីសាស្ត្រមួយដែលងាយស្រួលបើធៀបជាមួយនឹងការវះកាត់កែចង្កា តាមរយៈការកាត់ឆ្អឹង។ នៅក្នុងវិធីសាស្ត្រនៃការវះកាត់ទាំងនេះវេជ្ជបណ្ឌិតឯកទេសនឹងធ្វើ ការវះកាត់នៅផ្នែកខាងក្នុងនៃបបូរមាត់ ឬក៏យើងអាចធ្វើការវះកាត់នៅផ្នែកខាងក្រោមចង្កា។ ជាធម្មតា ការវះកាត់ទាំងនេះគឺបិទបាំងដែលពុំសូវឲ្យយើងឃើញក្រោយការវះ កាត់។ ដើម្បីទទួលបានទម្រង់ចង្កាទៅតាមការចង់បានរបស់អតិថិជនវេជ្ជបណ្ឌិត នឹងស៊កបញ្ចូលនូវសារធាតុម្យ៉ាងដែលរាងដូចចង្កាបេះបិទ ហើយសារធាតុទាំងនេះនឹងភ្ជាប់នៅលើឆ្អឹងខាងមុខរបស់ចង្ការបស់យើង ដែលជាហេតុធ្វើឲ្យចង្ការបស់យើងខិតមកមុខ។
ការវះកាត់នេះមានភាពងាយស្រួលគឺលោកវេជ្ជបណ្ឌិតអាចប្រើរយៈពេល ប្រមាណ ត្រឹមតែ១ម៉ោងដើម្បីសម្រេចការវះកាត់ទាំងនេះ ប៉ុន្តែផលវិបាករបស់វាមានច្រើនដូចជាដំបូងមានបញ្ហាទាក់ទងជាមួយ នឹងការមិនស្មើក្រោយការវះកាត់ដោយអ៊ីមភ្លែនដែលយើងបញ្ចូលទៅក្នុង សាច់របស់យើងខាងលើចង្កាទាំងនោះវាធ្វើឲ្យបន្លាស់ទីក្រោយការ វះកាត់ដែលធ្វើឲ្យចង្ការបស់យើងមានលក្ខណៈមិនស្មើគ្នា ឬលម្អៀង។ ក្រៅពីនោះមានផលវិបាកមួយចំនួនទៀតដូចជាការបង្ករោគដែលទាក់ទង ជាមួយនឹងការវះកាត់ដោយប្រើសម្ភារមិនបានច្បាស់លាស់ ដែលមិនបានសម្លាប់មេរោគត្រឹមត្រូវ ឬក៏ប្រើប្រាស់នូវអ៊ីមភ្លែនដែលមានគុណភាពពុំសូវល្អ។
មានបញ្ហាមួយទៀតដែលយើងត្រូវចាប់អារម្មណ៍ផងនោះ គឺប្រតិកម្មរវាងអ៊ីមភ្លែនដែលយើងដាក់បញ្ចូលទៅក្នុងខ្លួនរបស់យើង។ មានករណីមួយចំនួនធំដែលយើងជួបបញ្ហាការរលាកនៅតំបន់ជុំវិញ អ៊ីមភ្លែនដែលធ្វើឲ្យអ្នកជំងឺមានសភាពឈឺ ហើមរឹង និងពេលខ្លះទាមទារឲ្យមានការយកចេញនូវសារធាតុទាំងនោះផង។
ការវះកាត់ដោយកាត់តម្រឹមឆ្អឹងចង្កា
វិធីវះកាត់កែសម្ផស្សចង្កាតាមរយៈការកាត់តម្រឹម និងបង្ខិតឆ្អឹងចង្កាមកមុខគឺជាវិធីសាស្ត្រវះកាត់មួយដែលមានផល ប្រយោជន៍យ៉ាងច្រើនថ្វីដ្បិតតែវាមានការលំបាកបើធៀបជាមួយការ វះកាត់ដោយប្រើប្រាស់អ៊ីមភ្លែនក៏ដោយ។ ប៉ុន្តែលក្ខណៈចាំបាច់មួយនៃការវះកាត់ឆ្អឹងដើម្បីធ្វើការកែ សម្ផស្សចង្កាគឺការវះកាត់ដោយធ្វើជាមួយនឹងជំនួយថ្នាំសន្លប់។
នៅក្នុងពេលវះកាត់វេជ្ជបណ្ឌិតត្រូវធ្វើការវះកាត់ឆ្អឹងចង្កា ក្នុងកម្រិតមួយដោយសមស្របដើម្បីចៀសវាងនៃការប៉ះពាល់ទៅលើសរសៃ ប្រសាទដែល ចេញពីឆ្អឹងចង្កាសម្រាប់ធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់លើបបូរ មាត់ខាងក្រោមហើយឆ្អឹងចង្កាទាំងនោះនឹងត្រូវបង្ខិតមកមុខទៅតាម ទីតាំងណាមួយដែលចង់បានបន្ទាប់មកឆ្អឹងចង្កាទាំងនោះត្រូវភ្ជាប់ ឲ្យមានលំនឹងតាមរយៈ ការភ្ជាប់នូវឧបករណ៍វេជ្ជសាស្ត្រម្យ៉ាងដែលយើងត្រូវដោះចេញក្នុង រយៈពេលប្រមាណ៣ខែក្រោយការវះកាត់។ ជាទូទៅការវះកាត់ទាំងនេះគឺមានសុវត្ថិភាពចំពោះវេជ្ជបណ្ឌិតដែលមាន បទពិសោធខ្ពស់។
ផលវិបាកមានតិចបើធៀបជាមួយនឹងការវះកាត់ចង្កាដោយប្រើ អ៊ីមភ្លែន។ ផលវិបាកលើកដំបូងបំផុតគឺមានភាពលម្អៀងក្រោយការវះកាត់។ ក្រៅពីនោះផលវិបាកក៏អាចមានដែរដូចជា ការវះកាត់ដែលធ្វើឲ្យមានការប៉ះពាល់ដល់សរសៃប្រសាទនៅក្បែរបបូរ មាត់ធ្វើឲ្យយើងមានអារម្មណ៍ស្ពឹកបបូរមាត់ជាដើម ឬក៏អាចមានការបង្ករោគក្នុងករណីដែលធ្វើការវះកាត់ពុំបានត្រឹម ត្រូវ។
សរុបមកវិញការវះកាត់ចង្កាគឺជាការវះកាត់ដ៏មានសារប្រយោជន៍ សម្រាប់កែទម្រង់ផ្ទៃមុខរបស់ស្ត្រីជនជាតិអាស៊ីរបស់យើង ប៉ុន្តែការវះកាត់ទាំងនេះគួរតែធ្វើជាមួយវេជ្ជបណ្ឌិតដែលមានបទ ពិសោធខ្ពស់ដែលកំណត់បាននូវផលវិបាកក្រោយការវះកាត់។ ដើម្បីចៀសវាងផលវិបាកអតិថិជនគួរតែធ្វើការពិភាក្សាឲ្យច្បាស់ ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសអំពីវិធីសាស្ត្រនេះ៕
ប្រភពៈ PostKhmer
Post a Comment