កណ្តាលៈ ថ្មីៗនេះ ខ្ញុំស្ទើរតែប្រេះទ្រូងស្លាប់ដោយសារតែខ្ញុំហាក់ដូចជារស់នៅ ក្នុងគំនាបមួយមិនអាចរើខ្លួនរួច។ នោះគឺក្រុមគ្រួសាររបស់ខ្ញុំបានតម្រូវឲ្យខ្ញុំរៀបការជាមួយនឹង បុរសអាណិកជនម្នាក់ ដែលគេមានអាយុហាក់ដូចជាច្រើនជាងខ្ញុំបន្តិចទៅហើយ។ ខ្ញុំចេះតែឆ្ងល់ថា តើអ្នករស់នៅអាមេរិកនោះមានតម្លៃប៉ុនណាបានជាម្នាក់ៗគ្រាន់តែឮ អ្នកអាមេរិកភ្លាមនាំគ្នាលើកដៃពីរប្រគល់កូនឲ្យនោះ? នាងខ្ញុំឈ្មោះ បុប្ផា (ឈ្មោះក្រៅ) វ័យ២២ឆ្នាំ រស់នៅផ្សារតាខ្មៅខេត្តកណ្តាល។ នៅពេលនេះ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់នៅពេលដែលខ្ញុំហាក់ដូចជាមិន មែនជាម្ចាស់លើជីវិតខ្លួនឯង។ ខ្ញុំត្រូវឪពុកម្តាយដាក់គំនាបឲ្យរៀបការជាមួយនឹងបុរសអាណិកជន អាមេរិកម្នាក់ ដែលខ្ញុំនិងគេមិនដែលបានជួបមុខគ្នាដោយផ្ទាល់ម្តងណាឡើយ។ ម្តាយឪពុកខ្ញុំ គាត់តែងនិយាយល្អៗពីគេគ្រប់យ៉ាងថា គេនៅអាមេរិកល្អទោះបីជាសាវតារគេយ៉ាងណានោះ គាត់មិនបានដឹងច្បាស់ផង។
សព្វថ្ងៃនេះ ឪពុកម្តាយរបស់ខ្ញុំ ពួកគាត់ហាក់ដូចជាមើលមិនឃើញពីបុរសល្អនៅក្នុងស្រុកទេ។ ពួកគេមើលឃើញតែអ្នករស់នៅអាមេរិកល្អគ្រប់យ៉ាងខ្ញុំចេះតែឆ្ងល់ ថា ភាគច្រើនមិនថាតែម្តាយឪពុករបស់ខ្ញុំទេ គេតែងឲ្យតម្លៃអ្នករស់នៅអាមេរិកណាស់។ តើនោះមកពីហេតុអ្វី? ហេតុអ្វីអ្នកអាមេរិកមានតម្លៃម៉្លេះ? ខ្ញុំគិតថា ជីវភាពប្រហែលគ្រួសារខ្ញុំសព្វថ្ងៃហាក់ដូចជាមិនមានអីពិបាកទេ តើចាំបាច់អីខ្ញុំត្រូវរៀបការទៅអាមេរិក? ខ្ញុំដឹងថា ភាគច្រើនអ្នកដែលទៅអាមេរិកក៏មានទំនាស់លែងលះគ្នាមិនតិចដែរ ហើយពេលទៅទីនោះ ចាំបាច់ត្រូវតែធ្វើការចុះបើកាលពីស្រុកខ្មែររស់នៅស្រួលហើយ ហេតុអីខ្ញុំចាំបាច់ទៅធ្វើការឲ្យតត្រុកនៅទីនោះ? ពេលខ្លះខ្ញុំមិនយល់ទេ ខ្ញុំចង់រស់នៅស្រុកខ្មែរ ខ្ញុំចង់រស់នៅជុំគ្រួសារ តើខ្ញុំខុសដែរឬ?
ខ្ញុំសារភាពថា ខ្ញុំក៏មានកំណាន់ចិត្តនៅស្រុកខ្មែររួចដែរ តែនោះមិនមែនជាមូលហេតុដែលធ្វើឲ្យខ្ញុំជំទាស់បំណងឪពុកម្តាយនោះ ទេ។ ខ្ញុំគិតហើយគិតទៀតថា អ្នកអាមេរិកមិនមានអ្វីល្អប្រសើរជាងអ្នកស្រុកខ្មែរទេ គេនៅទីនោះក៏ជាបុគ្គលិកឬក៏ជាកម្មករគេដែរ តែហេតុអ្វីពេលគេមកស្រុកខ្មែរមានចរិតអឿម៉្លេះ? ខ្ញុំដឹងថា ភាគច្រើនគេក៏គ្រាន់បើដែរតែសម្រាប់ខ្ញុំវាគ្មានអ្វីអស្ចារ្យ ទាល់តែសោះ។ តើចាំបាច់អី ខ្ញុំត្រូវរៀបការជាមួយមនុស្សខ្ញុំមិនធ្លាប់ស្គាល់? ត្រូវរៀបការជាមួយមនុស្សវ័យចាស់ច្រើនជាងខ្ញុំ?
ទោះបីជាខ្ញុំខ្លួនឯងដឹងបែបនេះក្តី តែនៅពេលខ្ញុំជួបមុខឪពុកម្តាយរបស់ខ្ញុំ ខ្ញុំនិយាយមិនឈ្នះគាត់ទេ គាត់ដឹងតែម្យ៉ាងគត់គឺអ្នករស់នៅអាមេរិកល្អ។ តែគាត់មិនបានយល់ចិត្តថា កូនរបស់គាត់ពិបាកចិត្តស្ទើរស្លាប់ទេនោះប្រហែលជាគាត់មើលឃើញ គ្រួសារគេផ្សេងៗ ហើយចង់យកតម្រាប់តាមហើយមើលទៅ! តែគាត់មិនដែលគិតថា មនុស្សផ្សេងគ្នាមានចរិតផ្សេងគ្នានោះទេ។
ជាចុងក្រោយអ្វីដែលខ្ញុំបានលើកឡើងត្រួសៗពីខាងលើខ្ញុំគ្រាន់ តែចង់និយាយឲ្យធូរចិត្តប្រាប់អ្នករាល់គ្នាប៉ុណ្ណោះ ហើយម្យ៉ាងក៏ចង់បានការគាំទ្រលើកទឹកចិត្តពីបងប្អូនដែរ។ តើខ្ញុំគួរធ្វើយ៉ាងណានៅពេលនេះ តើចុងក្រោយខ្ញុំគួររៀបការជាមួយមនុស្សខ្ញុំមិនស្រឡាញ់តាមការ ផ្គូផ្គង ឬក៏ខ្ញុំត្រូវដើរចេញ? សូមបងប្អូនជួយពិចារណាខ្ញុំផង៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
Post a Comment