ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដែលមានឈ្មោះនៅក្នុងព្រះរាជក្រិត្យចូលនិវត្តន៍ ឲ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៊ិច ហូលឌីងគ្រុប ដែលបានប្តឹងលោកពីការប្រើអំណាច ដោយរំលោភការក្លែងបន្លំ ការកសាងប័ណ្ណដោយបំពាន និង ការធ្វើរបាយការណ៍ភូតកុហកលោកនាយករដ្ឋមន្រ្តី ដើម្បីរឹបអូសយកដីរបស់លោកស្រីស្របច្បាប់ ចំនួនជាង ៣៤ ហិកតា ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីឆ្នាំ ២០១២។ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រសាសន៍ថា អយ្យការសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ឲ្យចូលខ្លួនបំភ្លឺ នៅស្ថាប័នអយ្យការពាក់ព័ន្ធ នឹងបណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី ក៏ប៉ុន្តែ រហូតទល់ពេលនេះ លោកអភិបាលរាជធានីភ្នំពេញ មិនទាន់បានមកបំភ្លឺ នៅអយ្យការតុលាការនៅឡើយទេ។
លោក មាស ច័ន្ទពិសិដ្ឋ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទនៅព្រឹកថ្ងៃច័ន្ទនេះ ថា៖«សំណុំរឿងរបស់លោកកែប ជុតិមា គឺស្ថិតនៅលើដៃរបស់ខ្ញុំ។ ខ្ញុំបានចេញ ដីកាកោះហៅគាត់(លោកែប ជុតិមា) ឲ្យចូលមកឆ្លើយបំភ្លឺ នៅអយ្យការតុលាការហើយ កាលពីមុន ពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គាត់មិនទាន់បានចូលឆ្លើយបំភ្លឺ នឹងខ្ញុំនៅឡើយទេ»។
លោកព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានបន្ថែមថា៖ «ឥឡូវនេះ ខ្ញុំកំពុងតែធ្វើការស៊ើបអង្កេតករណីនេះ និងរង់ចាំគាត់ចូលខ្លួន មកឆ្លើយបំភ្លឺនៅអយ្យការតុលាការ តាមដីកាកោះ»។
ទោះជាយ៉ាងណាក៏ដោយ លោក មាស ច័ន្ទពិសិដ្ឋ មិនបានបញ្ជាក់ប្រាប់ឲ្យបានច្បាស់ អំពីកាលបរិច្ឆេទ នៃ ដីកាកោះហៅលោកអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ដែលលោកបានចេញកោះហៅ ឲ្យចូលខ្លួនបំភ្លឺនោះឡើយ។
លោកសុខ សំអឿន មេធាវីការពារក្តីលោកស្រី ឈិន សុគន្ធារី បានដឹងថា កូនក្តីរបស់លោកគឺឈិន សុគន្ធារី បានដាក់ពាក្យប្តឹង លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញជាផ្លូវការណ៍ទៅតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២១ ខែ មីនា ឆ្នាំ ២០១៣។ ឥឡូវនេះ បណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី កំពុងស្ថិតនៅក្នុងដៃ តុលាការនៅឡើយ។
លោក សុខ សំអឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ខ្ញុំបានដាក់សារណាការពារកូនក្តី ខ្ញុំ ជូនទៅ អយ្យការតុលាការរាជធានីភ្នំពេញ រួចហើយកាលពីថ្ងៃទី ៥ ខែមេសា ២០១៣។ ឥឡូវនេះ ខ្ញុំកំពុងតែ រង់ចាំមើលចំណាត់ពីតុលាការ»។
យោងតាមពាក្យបណ្តឹងចម្លងមួយច្បាប់របស់លោកក្រី ឈិន សុគន្ធារី ដែលមានបោះត្រាទទួលស្គាល់ដោយអយ្យការសាលារាជធានីភ្នំពេញ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៣ និង ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន លោកស្រី ឈិន សុគន្ធារី បានចោទប្រកាន់ថា កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១២ លោកកែប ជុតិមា អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ និង គូកន បានប្រើអំណាចដោយរំលោភ និង បានដកហូតដីរបស់គាត់ចំនួន ៣៤២, ២៣៦. ៨៩ ម៉ែត្រការ៉េ (ប្រហែលជាង៣៤ ហិកតា) ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលលោកស្រីបានកាន់កាប់ដោយសន្តិភាព តាំងពីឆ្នាំ ១៩៩៩ ព្រមបានបង់ពន្ធជូនរដ្ឋ ជារៀងរាល់ឆ្នាំទៀតផង និងបានកាត់ចូលទៅក្នុងអនុក្រិត្យលេខៈ ១០១ អនក្រ ចុះថ្ងៃ ទី ១០ ខែកក្កដា ឆ្នាំ ២០១២។
លោកស្រីឈិន សុគន្ធារី បានថ្លែងថា៖ «ទោះបីជាបានដឹងច្បាស់ថា ដីខាងលើនេះ នាងខ្ញុំបានកាន់កាប់ ដោយស្របច្បាប់ហើយក៏ដោយ ក៏លោកកែប ជុតិមា និង គូកននៅតែបំពាន រំលោភដោយគ្មានក្រែង រអែងច្បាប់បន្តិចណាឡើយ ពួកគាត់ថែមទាំងបានធ្វើរបាយការណ៍ភូតកុហក សមេ្តច នាយករដ្ឋមន្រ្តី ថា នាងខ្ញុំរំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋទៅវិញ»។
«អាស្រ័យហេតុនេះ នាងខ្ញុំ សូមប្តឹងលោកកែប ជុតិមា និង គូកន ពីការប្រើអំណាច ដោយរំលោភ ការក្លែងបន្លំ ការកសាងប័ណ្ណដោយបំពាន និង ការធ្វើរបាយការណ៍ភូតកុហក សមេ្តច នាយករដ្ឋមន្រ្តី ដើម្បីរឹបអូសយកដី របស់នាងខ្ញុំស្របច្បាប់ ចំនួនជាង ៣៤ ហិកតា។ នាងខ្ញុំ សូមសំណូមពរ ឲ្យសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក កែប ជុតិមា និង គូកនតាមច្បាប់។ សុំឲ្យរដ្ឋប្រគល់ដីខាងលើមក នាងខ្ញុំវិញ និង បង្ខំឲ្យលោកកែប ជុតិមា និង គូកន សងជម្ងឺចិត្តមកនាងខ្ញុំ ១០០ លានដុល្លារអាមេរិក»។
ជាមួយនឹងពាក្យបណ្តឹងខាងលើនេះ លោកស្រីឈិន សុគន្ធារី ក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ជួយផ្តល់យុត្តិធម៌និងផ្តល់ដីដែលក្រុមហ៊ុនគាត់កាន់កាប់ទំហំ ៣៤ ហិកតា ២២ អា និង ៣៦,៨៩ ខាងលើ និងដែលត្រូវបានរាជរដ្ឋាភិបាលកាត់ចូលក្នុងអនុក្រិត្យ និងជាសម្បត្តិរដ្ឋ កាលពីឆ្នាំ ២០១២នោះ ជូនក្រុមគ្រួសារគាត់វិញ។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និង មេធាវីការពារក្តី មិនអាចទាក់ទង ដើម្បីសុំ ការបំភ្លឺបានឡើយ។
សូមបញ្ជាក់លោកស្រីឈិន សុគន្ធារី អាយុ ៥៨ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកំបាំងមុខ ជាប់ពន្ធនាគារ រយៈពេល ៤ ឆ្នាំ ៦ខែ ពីបទ« ធ្វើឲ្យប៉ះពាល់លើកម្មសិទ្ធិសាធារណៈ» នៅលើដីដែលគាត់បានកាន់កាប់ខាងលើ ព្រមទាំង ចេញដីកាចាប់ខ្លួនទៀតផង កាលពីខែ ធ្នូ ឆ្នាំ ២០១២៕
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ
ប្រភព៖ ភ្នំពេញប៉ុស្តិ៍
Browse »Home »
ពត៌មានជាតិ
» តុលាការកោះហៅលោក កែប ជុតិមា ចូលបំភ្លឺនឹងបណ្តឹងយាយក្រពើ
Post a Comment